(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៧ ខែឧសភា បានបរិហារអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនថាពុតត្បុត ក្រោយពួកគេរិះគន់លើការដំណើរការ ផ្ដល់ជំនួយគាំទ្រដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានគូសបញ្ជាក់ថា <<វាជារឿងអកុសល ពីព្រោះថាបញ្ហានៅទីនេះគឺការនាំជំនួយចូល ទៅក្នុងតំបន់ហ្កាហ្សា តែបែរជាមានការរិះគន់ពីរបៀប ឬក៏ថាតើនរណាកំពុងចែកជំនួយទៅវិញ>>។ លោកស្រី Tammy Bruce បានហៅការរិះគន់លើដំណើរការចែកជំនួយមនុស្សធម៌គាំទ្រ ដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាទង្វើពុតត្បុត។ លោកស្រីបន្ថែមថា <<នៅពេលអ្នកទាំងអស់គ្នាសម្លឹងទៅកាន់ជំនួយជាស្បៀងអាហារ ៨០០០ប្រអប់ ថាតើវាដូចជាការចែកចាយ ទៅកាន់ផ្សារទំនើបឬ? ទេវាមិនមែនទេ។ វាជាបរិយាកាសដ៏ស្មុគស្មាញ តែការពិតស្បៀងអាហារបានចូលទៅក្នុងតំបន់ហ្កាហ្សាដោយជោគជ័យ>>។
គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅកាន់ទីតាំងចែកជំនួយមនុស្សធម៌កាលពីថ្ងៃអង្គារ ហើយក្នុងពេលនោះដែរមានសេចក្ដីរាយការណ៍ថា កងទ័ពអ៉ីស្រាអែលបានបាញ់ព្រមានជាច្រើនគ្រាប់។ អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបាននិយាយថារូបភាពនៃប្រជាជនប៉ាឡេស្ទីនកំពុងដណ្ដើមគ្នាយកជំនួយ គឺជារឿងស្លុតចិត្ត ហើយថាមូលនិធិ Gaza Humanitarian Foundation គាំទ្រដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ខ្វះខាតជំនាញក្នុងការដោះស្រាយស្ថានការណ៍មនុស្សធម៌ធ្ងន់ធ្ងរ នៅហ្កាហ្សា៕