(បុរីវ៉ាទីកង់)៖ សម្តេចប៉ាប ឡេអូ ទី១៤ បានឡើងគ្រងរាជ្យជាផ្លូវការកាលពីថ្ងៃអាទិត្យ ដោយបានចេញសេចក្តីអំពាវនាវយ៉ាងខ្លាំងក្លាឲ្យមាន <<ឯកភាព>> នៅក្នុងព្រះវិហារកាតូលិកដែលទ្រង់ទទួលស្គាល់ថាមានការបែកបាក់។ ទ្រង់បានប្តេជ្ញាថានឹងការពារមរតកជំនឿ ជាជាងគ្រប់គ្រងដូច <<អ្នកកាន់អំណាចផ្តាច់ការ>>។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥។
សម្តេចប៉ាប ឡេអូ ទី១៤ ព្រះជន្ម ៦៩ព្រះវស្សា ដែលមានដើមកំណើតអាមេរិក និងធ្លាប់ជាអ្នកផ្សព្វផ្សាយសាសនានៅប៉េរូ បានស្នងតំណែងពីសម្តេចប៉ាប ហ្វ្រង់ស៊ីស។ ក្នុងធម្មទេសនាដំបូង ទ្រង់បានសន្យាបន្តការងារលើបញ្ហាសង្គមដូចជាភាពក្រីក្រ និងបរិស្ថាន ស្របពេលជាមួយគ្នានោះ ក៏បានធានាដល់ក្រុមអភិរក្សនិយមថា ទ្រង់នឹង <<រក្សាបេតិកភណ្ឌដ៏សម្បូរបែបនៃជំនឿគ្រិស្ត>>។
ពិធីឡើងគ្រងតំណែងជាផ្លូវការនេះ មានការចូលរួមពីមេដឹកនាំពិភពលោករាប់សិបនាក់ រួមទាំងអនុប្រធានាធិបតីអាមេរិក លោក JD Vance និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។ សម្តេចប៉ាប ឡេអូ បានប្រើប្រាស់ឱកាសនេះ ដើម្បីអំពាវនាវឲ្យមាន <<សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង>> សម្រាប់អ៊ុយក្រែនដែលទ្រង់ហៅថា <<កំពុងរងទុក្ករកម្ម>> និងបានបង្ហាញក្តីបារម្ភចំពោះប្រជាជននៅហ្គាហ្សាដែល <<រងការអត់ឃ្លាន>>។
គួរបញ្ជាក់ថា សម្តេចប៉ាប ឡេអូ ទី១៤ ទទួលបន្ទុកដឹកនាំសាសនាកាតូលិកដែលមានសមាជិក ១.៤ពាន់លាននាក់ នៅចំពេលដែលពិភពលោក និងសាសនាចក្រផ្ទាល់ ប្រឈមនឹងការបែងចែក និងវិបត្តិស្មុគស្មាញជាច្រើន ដែលទាមទារឲ្យមានការដឹកនាំប្រកបដោយតុល្យភាព និងចក្ខុវិស័យ៕