អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

Posted By: RoogRog Robot | 13-May-2025 15:52:54

2025-05-13 03:48pm

(ភ្នំពេញ)៖ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមានវត្តមានចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា លោកគតិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា លោក វង សូត អនុប្រធានទី ២រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងវត្តមានជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាផងដែរ។

ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានអនុម័តយល់ព្រមលើរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា មានចំនួន ៦សំឡេងនៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។

បន្ទាប់មកអង្គប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវារៈ ដែលមានលទ្ធផលដូចខាងក្រោម៖

* របៀបវារៈទី១ អង្គប្រជុំអនុម័តសេចក្តីស្នើសុំកោះប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន៣ របស់ប្រទេសជាតិ ដែលមាន ប្រធានបទ៖ អំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទ៖ អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទ៖ អំពីវិស័យកសិកម្ម។ សំឡេងអនុម័តរបៀបវារៈទី១ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។

* របៀបវារៈទី២ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ជូន លោក យស ផានីត្តា និងលោក ឈាង វុន ដោយសហការជាមួយ លោកស្រី មាន សំអាន និងលោកស្រី ឡោក ខេង ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាធ្វើការពិនិត្យនិងសិក្សាហើយធ្វើរបាយការណ៍ និងសេចក្តីព្រាង សេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី២ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។

* របៀបវារៈទី៣ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូនលោក អ៊ុំ សារឹទ្ធ និងលោកជំទាវ និន សាផុន ដោយសហការជាមួយ លោកស្រី មាន សំអាន លោកស្រី ឡោក ខេង លោក យស ផានីត្តា និងលោក ឈាង វុន ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី៣ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។

* របៀបវារៈទី៤ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីវិស័យកសិកម្ម ជូនលោក ម៉ុង ឫទ្ធី និងលោកសន្តិបណ្ឌិត ឡូយ សុផាត ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូន គណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី៤ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល៕
































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...