ចិនថាមិនបានទទួលសំណើសុំសិទ្ធិជ្រកកោន ពីអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte នោះឡើយ

Posted By: RoogRog Robot | 25-Mar-2025 13:46:15

2025-03-25 01:43pm

(ប៉េកាំង)៖ កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ចិនបានអះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីសំណាក់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានអះអាងដូចខាងលើ ដើម្បីឆ្លើយតបទៅកាន់អ្នកកាសែត ដែលបានសាកសួរថា តើទីក្រុងប៉េកាំង បានបដិសេធការស្នើសុំសិទ្ធិជ្រកកោននយោបាយ របស់លោក Duterte ឬយ៉ាងណា។ អ្នកនាំពាក្យបាននិយាយថា <<ខ្ញុំចង់ចង្អុលបង្ហាញជាពិសេសថា ទស្សនកិច្ចរបស់លោក Duterte មកកាន់ទីក្រុងហុងកុង នាពេលកន្លងមក​ គឺជាដំណើរវិស្សមកាលលក្ខណៈឯកជន។ ប្រទេសចិនមិនដែលទទួលបានសំណើសុំសិទ្ធិជ្រកកោន ពីលោកអតីតប្រធានាធិបតី Duterte ឬក៏គ្រួសាររបស់លោក ផ្ញើមកកាន់រដ្ឋាភិបាលចិន នោះឡើយ>>។

គួរបញ្ជាក់ថា លោក Rodrigo Duterte ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមីនា នៅឯព្រលានយន្តហោះទីក្រុងម៉ានីល ពេលត្រឡប់មកពីទីក្រុងហុងកុងវិញ។ ការចាប់ខ្លួននោះធ្វើឡើង តាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធទៅនឹង​សង្រ្គាមបង្រ្កាបគ្រឿងញៀន អំឡុងពេលលោក Duterte នៅកាន់អំណាច ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ ពេលនេះ លោក Duterte កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់ ICC នៅឯទីក្រុងឡាអេនៃប្រទេសហូឡង់៕





News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ១៤, ២០២៥
MORE NEWS CLICK HERE...