ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី អំពាវនាវអាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយ បញ្ជ្រាបអំពីបញ្ហាជំងឺគ្រុនឈាមជូនពលរដ្ឋ

Posted By: RoogRog Robot | 10-May-2024 22:57:07

2024-05-10 09:55pm

(រតនគិរី)៖ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី អំពាវនាវដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយអំពីបញ្ហាជំងឺគ្រុនឈាមបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលរដូវវស្សាឈានជិតចូលមកដល់។

ការអំពាវនាវរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្ត គឺបានធ្វើឡើងនៅក្នុងឱកាសដែលមន្ទីរសុខាភិបាល បើកយុទ្ធនាការ ដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងក្រុងបានលុង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកថាដើម្បីការពារសុខមាលភាព និងកាត់បន្ថយមិនឲ្យជំងឺគ្រុនឈាម និងគ្រុនឈិក កើតឡើងទៅលើប្រជាពលរដ្ឋនៅរដូវវស្សានេះ មន្ទីរសុខាភិបាលខេត្ត បានផ្សព្វផ្សាយតាមរយៈចាក់ផ្សាយសារអប់រំ ដើម្បីបញ្រ្ជាបដល់ប្រជាពលរដ្ឋតាមមូលដ្ឋានទូទាំងខេត្តតាំងពី ដើមខែកុម្ភៈ ឆ្នាំ២០២៤មកម៉្លេះ។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី ដើម្បីការពារឲ្យខាងតែបានមន្ទីរសុខាភិបាល មានផែនការបើកយុទ្ធនាការ ដើម្បីដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋទូទាំងខេត្ត និងបន្តផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់នៃជំងឺគ្រុនឈាម និងគ្រុនឈិកនេះឲ្យបានទូលំទូលាយបន្ថែមទៀត។

លោកប្រធានមន្ទីរបានបន្តទៀតថា ចំពោះការបើកយុទ្ធនាការដាក់ថ្នាំអាប៊ែតនេះ មន្ទីរបានរៀបចំផែនការតាមស្រុកក្រុងនីមួយៗទូទាំងខេត្ត ដោយចាប់ពីថ្ងៃទី៧ ខែឧសភារហូតដល់ថ្ងៃទី១៦ ខែឧសភា ទើបបញ្ចប់យុទ្ធនាការ នៃការដាក់ថ្នាំអាប៊ែតតាមក្នុងផ្ទះ។

ចំពោះការបើកយុទ្ធនាការដាក់ថ្នាំអាបែតនេះ គឺមន្ទីរសុខាភិបាល បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយបានប្រើប្រាស់កម្លាំងយុវជនក្នុងមួយថ្ងៃៗប្រមាណជិត ១០០នាក់ ក្នុងនោះមានយុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហម រួមជាមួយយុវជនស្រឡាញ់សន្តិភាព និងអាជ្ញាធរមូលដ្ឋានផងដែរ ដែលជាជំនួយការដល់ការដាក់ថ្នាំអាប៊ែតតាមក្នុងផ្ទះរបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះបញ្ហាចម្បងនៃប្រភពចម្លងជំងឺគ្រុនឈាម និងគ្រុនឈីក គឺកើតឡើងពីមូសខ្លា ហើយប្រភពនៃការបង្កើតពងមូសខ្លា គឺបានកើតនៅ ក្នុងពាងទឹក ឬ សំបកកំប៉ុង ដែលដក់ទឹកដែលជាកន្លែងពងរបស់មូស។ ដើម្បីកំចាត់កុំឲ្យមានមូសខ្លា ត្រូវចូលរួមលុបបំបាត់នៅសំបកកង់ ដែលអាចដក់ទឹកបាន កុំឲ្យមានទឹកដក់ សំបកដូង សំបកកំប៉ុង ឬកន្លែងដែលមានភក់ជ្រាំ យើងត្រូវលុបបំបាត់វា ទើបយើងអាចកំចាត់ទីជម្រករបស់មុខខ្លាបាន។ ក្រៅពីនេះ យើងព្យាយាម និងការបាញ់ថ្នាំ ឆ្កាព្រៃ ដែលនៅជុំវិញផ្ទះរបស់យើងឲ្យបានស្អាត។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ និងបង្ការរៀបចំបរិស្ថានអនាម័យ ឲ្យបានល្អប្រសើរ ដើម្បីសុខមាលភាពជាពិសេសដើម្បីសេដ្ឋកិច្ចគ្រួសារ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...