លោក វង្សី វិស្សុត អនុញ្ញាតឱ្យ ប្រតិភូគណៈមេធាវី ចំនួន១២ប្រទេស ចូលជួបសម្តែងការគួរសម និងធ្វើសវនាការ

Posted By: RoogRog Robot | 10-May-2024 19:32:32

2024-05-10 06:30pm

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចំនួន១២ប្រទេស ចូលជួបសម្តែងការគួរសមនិងធ្វើសវនាការនៅទីស្តីការគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក លី ច័ន្ទតុលា បានគោរពថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោកដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ មកចូលជួបសម្តែងការគួរសម និងបានជម្រាប លោកឧបនាយករដ្ឋមន្រ្តី អំពីគោលបំណងដែលគណៈមេធាវីកម្ពុជា អញ្ជើញប្រតិភូគណៈមេធាវីអន្តរជាតិមកចូលរួមសន្និសីទអន្តរជាតិក្រោមប្រធានបទ <<ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី>> នៅសាលសន្និបាត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។

ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការពង្រឹងនីតិរដ្ឋជារបៀបវារៈសំខាន់មួយ និងបានខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ និងពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយក្នុងនោះរួមមានដូចជាការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងគណៈកម្មាធិការជាតិដឹកនាំការកែទម្រង់ច្បាប់ ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្នកច្បាប់ទាំងអស់នៃប្រទេសកំពុងអភិវឌ្ឍ មានកាតព្វកិច្ចសហការសិក្សា ចែករំលែកបទពិសោធ និងធ្វើសុខដុមនីយកម្មការយល់ដឹងអំពីទស្សនាទាន និងចក្ខុវិស័យច្បាប់សំខាន់ៗ ដើម្បីយកមកអនុវត្តនៅក្នុងតំបន់ និងក្នុងប្រទេសរៀងៗខ្លួនឱ្យសមស្របទៅនឹងបរិបទជាក់ស្តែង និងមានអំណោយផលក្នុងការបន្តពង្រឹង Rule of Law និង របបប្រជាធិបតេយ្យ ដោយមិនគ្រាន់តែចម្លងប្រព័ន្ធច្បាប់ពីប្រទេសអភិវឌ្ឍន៍នោះទេ។

ជាចុងក្រោយ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរ គុណ ដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោក លី ច័ន្ទតុលា ដែលបានផ្តល់នូវការការពារ និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃជូនដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់គណៈប្រតិភូមេធាវីអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមសន្និសីទនៅប្រទេសកម្ពុជាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នានាពាក់ព័ន្ធនឹងការផ្តល់ជំនួយផ្នែកច្បាប់។ ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្រ្តី សង្ឃឹមថាសន្និសីទអន្តរជាតិ ក្រោមប្រធានបទ <<ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី>> នឹងដំណើរការប្រកបដោយភាពរលូននិងជោគជ័យ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...