កងទ័ពអ៊ីស្រាអែល បើកការវាយប្រហារផ្លូវអាកាសលើភាគខាងកើតទីក្រុង Rafah

Posted By: RoogRog Robot | 06-May-2024 19:50:29

2024-05-06 06:46pm

(ហ្គាហ្សា)៖ ប្រភពសន្តិសុខប៉ាឡេស្ទីន និងសាក្សីដែលឃើញផ្ទាល់ភ្នែកបានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ទៅលើតំបន់ភាគខាងកើតនៃទីក្រុង Rafah។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ពីប្រភពខាងលើ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានភ្លើងឆេះនៅជិតអាកាសយានដ្ឋានហ្គាហ្សា និងនៅជាយក្រុងនៃសង្កាត់ Al-Salam ដែលស្ថិតនៅភាគខាងកើតនៃទីក្រុង Rafah ។

ការវាយឆ្មក់នេះបានបណ្តាលឱ្យមានការផ្ទុះដ៏ធំ និងបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារនៅក្បែរនោះ ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសមកទល់ពេលនេះទេ។

គួរជម្រាបថា មុនពេល​ការវាយប្រហារនេះ​ចាប់ផ្តើម កងទ័ព​អ៊ីស្រាអែល​បាន​បញ្ជាឱ្យ​ជនស៊ីវិល​ប៉ាឡេស្ទីន ​ជម្លៀសខ្លួន​ជា​បណ្តោះអាសន្ន ​ពី​ភាគ​ខាងកើតនៃទីក្រុង​ Rafah។ អ៊ីស្រាអែល​ចាត់​ទុក​ក្រុង Rafah ជា​បន្ទាយ​សំខាន់​ចុង​ក្រោយ​របស់​ក្រុមហាម៉ាស់។ Rafah មានទីតាំងនៅភាគខាងត្បូងបង្អស់នៃតំបន់ហ្គាហ្សាស្ទ្រីប ជាប់ព្រំដែននឹងប្រទេសអេហ្ស៊ីប និងជាជម្រករបស់ប្រជាជនប៉ាឡេស្ទីនប្រហែល ១.៤លាននាក់។

អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ លើ​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ក្រុម​នេះ ​លើ​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង​ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល ១២០០​នាក់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...