UPDATE: មនុស្សស្លាប់កើនដល់យ៉ាងហោច៥៧នាក់ នៅភាគខាងត្បូងប្រទេសប្រេស៉ីល ដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

Posted By: RoogRog Robot | 05-May-2024 15:10:46

2024-05-05 02:05pm

(ប្រាស៉ីលីយ៉ា)៖ អាជ្ញាធរប្រេស៉ីលបានឱ្យដឹងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារព្យុះភ្លៀង និងគ្រោះទឹកជំនន់ នៅរដ្ឋ Rio Grande do Sul ចុងភាគខាងត្បូងប្រទេស បានបន្តកើនដល់យ៉ាងហោច៥៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។

មិនតែប៉ុណ្ណោះមនុស្ស៦៧នាក់ នៅបន្តបាត់ខ្លួន ហើយជាង៦៩,០០០នាក់ផ្សេងទៀត ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីទៅរកកន្លែងសុវត្ថិភាព។ ការធ្លាក់ភ្លៀងខ្លាំងក្លា ក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ នៅរដ្ឋខាងលើរបស់ប្រេស៉ីល បានជះផលប៉ះពាល់ដល់ទីក្រុង ចំនួន​២៨១ ក្នុងចំណោមទីក្រុងសរុប៤៩៧ នៃរដ្ឋ Rio Grande do Sul ដោយទីក្រុង Porto Alegre ដែលជារដ្ឋធានីរបស់រដ្ឋនេះ សឹងតែត្រូវទឹកជន់លិចគ្រប់ទីកន្លែង។

ទឹកជំនន់បានបំផ្លិចបំផ្លាញផ្លូវថ្នល់និងស្ពាន នៅតំបន់មួយចំនួននៃរដ្ឋ Rio Grande do Sul ខណៈព្យុះភ្លៀងក៏បានបង្កជាគ្រោះរអិលបាក់ដីផងដែរ ហើយធ្វើឱ្យរលំផ្នែកនៃទំនប់វារីអគ្គិសនីតូចមួយ។ បើតាមការព្យាករឧតុនិយម ភ្លៀងត្រូវគេរំពឹងថា នឹងបន្តធ្លាក់នៅតំបន់ភាគខាងជើងនិងឦសាននៃរដ្ឋ រហូតដល់​ថ្ងៃអាទិត្យនេះ ប៉ុន្តែបរិមាណទឹកភ្លៀង មានការថយចុះទៅវិញ ដូច្នេះវាគួរតែស្ថិតក្រោមកម្រិតកំពូល ដែលគេមើលឃើញ កាលពីប៉ុន្មានថ្ងៃមុន នៅក្នុង​សប្តាហ៍នេះ។

គួរបញ្ជាក់ថា ប្រទេសធំជាងគេនៅតំបន់អាមេរិកខាងត្បូងមួយនេះ ក្នុងពេលមួយរយៈចុងក្រោយ បានទទួលរងបាតុភូតអាកាសធាតុអាក្រក់ៗជាបន្តបន្ទាប់ រួមមានទាំងព្យុះស៉ីក្លូន ដែលបានសម្លាប់មនុស្សយ៉ាងហោច៣១នាក់ កាលពីខែកញ្ញា ឆ្នាំ២០២៣៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...