ថៃកំណត់ទិសដៅកំណើនពាណិជ្ជកម្មឆ្លងព្រំដែន ១ភាគរយនៅឆ្នាំនេះ

Posted By: RoogRog Robot | 04-May-2024 09:10:01

2024-05-04 08:06am

(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃកំណត់ទិសដៅកំណើនពាណិជ្ជកម្មឆ្លងព្រំដែនចំនួន ១% នៅឆ្នាំនេះដោយអស្ថិរភាពនយោបាយ នៅក្នុងប្រទេសជិតខាង រួមទាំងជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីលោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃខណៈថ្លែងថា នាយកដ្ឋានបានកំណត់គោលដៅធ្វើឱ្យពាណិជ្ជកម្មឆ្លងព្រំដែន រួមទាំងពាណិជ្ជកម្មផ្ទេរនៅព្រំដែនឆ្ពោះទៅរកកំណើនវិញ បន្ទាប់ពីតម្លៃពាណិជ្ជកម្មបានធ្លាក់ចុះ ២,៦% កាលពីឆ្នាំមុនមកនៅត្រឹម ១,៧៤ពាន់ពាន់លានបាត។

លោកបន្តថា នាយកដ្ឋានរបស់លោកកំពុងសហការជាមួយស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធដើម្បីជួយសម្រួល និងជំរុញពាណិជ្ជកម្មឆ្លងព្រំដែន និងផ្ទេរនៅព្រំដែន (ជាពាណិជ្ជកម្មតាមច្រកព្រំដែនទៅកាន់ប្រទេសទីបី) ធ្វើការបង្កើនបណ្តាញដឹកជញ្ជូន បង្កើនម៉ោងប្រតិបត្តិការនៅច្រកព្រំដែន បង្កើតមជ្ឈមណ្ឌលសេវាកម្មច្រកចេញចូលតែមួយ និង ភ្ជាប់ឯកសារនាំចេញ-នាំចូលតាមរយៈគម្រោង National Single Window ដើម្បីសម្រួលដំណើរការពាណិជ្ជកម្ម។

លោក Ronnarong បានមានប្រសាសន៍ថា៖ <<ថ្វីបើមានការធ្លាក់ចុះពាណិជ្ជកម្មឆ្លងព្រំដែន ក៏ដោយដែលបណ្តាលមកពីបញ្ហាប្រឈមនានា ដូចជាអតិផរណាខ្ពស់ ការធ្លាក់ចុះអត្រាប្តូរប្រាក់នៅក្នុងប្រទេសឡាវ និងជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាវិធានការការពារនិយមបន្ថែមទៀត ដោយប្រទេសជិតខាងក្នុងការបន្ថយការនាំចូល និងការពារឱនភាពពាណិជ្ជកម្មក្ដី ក៏ពាណិជ្ជកម្មផ្ទេរនៅព្រំដែនបានកើនឡើងទាំងតម្លៃសរុប និងការនាំចេញនៅឆ្នាំ២០២៤>>។

ជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា កំពុងបង្កក្តីបារម្ភចំពោះការធ្លាក់ចុះបន្ថែមទៀត នៃពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា។ លោកបន្តថា ជម្លោះនេះអាចប៉ះពាល់ដល់ការដឹកជញ្ជូននិងភស្តុភារ។

យោងតាមទិន្នន័យរបស់ក្រសួង ពាណិជ្ជកម្មឆ្លងព្រំដែន និងផ្ទេរនៅព្រំដែនមានចំនួន ៤២២ពាន់លានបាតក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ ធ្លាក់ចុះ ២,៤% ធៀននឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមចំនួនសរុប ការនាំចេញមានចំនួន ២៣៤ពាន់លានបាត (ធ្លាក់ចុះ ២,៧%) និងការនាំចូលមានចំនួន ១៨៨ពាន់លានបាត (ធ្លាក់ចុះ ២,១%)។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...