កាកបាទក្រហមកម្ពុជា បន្ដទទួលថវិកា និងសម្ភារៈ ជាបន្ដបន្ទាប់ពីសប្បុរសជនតាមបណ្ដាក្រសួងស្ថាប័នរដ្ឋ ឯកជន ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

Posted By: RoogRog Robot | 01-May-2024 10:32:10

2024-05-01 09:27am

(ភ្នំពេញ)៖ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលមានសមាគមជាតិចំនួន១៩២ នៅជុំវិញពិភពលោក តែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ឧសភា ដើម្បីជាផ្នែកមួយក្នុងការអំពាវនាវកៀរគរដល់សប្បុរសជន​ ចូលរួមឧបត្ថម្ភជាមួយសមាគម ក្នុងការបម្រើការងារមនុស្សធម៌ ជួយសង្គ្រោះជនងាយរងគ្រោះ និងរងគ្រោះបំផុតនៅលើពិភពលោក។ ដូច្នេះសម្រាប់កាកបាទក្រហមកម្ពុជា ក្នុងនាមជាសមាជិកទី៨៥ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្នុងឱកាសនេះក៏បានធ្វើការអំពាវនាវកៀរគរដល់សប្បុរសជាតិ អន្ដរជាតិពីគ្រប់មជ្ឈដ្ឋាន ចូលរួមឧបត្ថម្ភគាំទ្រ ជាថវិកា និងជាសម្ភារៈក្ដី ដើម្បីឱ្យបេសកកម្មមនុស្សធម៌បន្ដជានិរន្ដ ជួយដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយពីយើងទាំងអស់គ្នា។

ក្រោមការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សប្បុរសជនជាច្រើនពីស្ថាប័នរដ្ឋ និងឯកជន បាននាំយកថវិកា និងសម្ភារៈ មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជា។

សប្បុរសជនដែលនាំយកថវិកាសប្បុរសធម៌ មកជូនកាកបាទក្រហមកម្ពុជាក្នុងថ្ងៃនេះរួមមាន ពីអាជ្ញាធរអគ្គិសនីកម្ពុជា បរិច្ចាគថវិកាចំនួន ១២០លានរៀល ដឹកនាំលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា, ក្រុមហ៊ុន កម្ពុជា តេលា បរិច្ចាគថវិកា១០ម៉ឺនដុល្លារ, ធនាគារពាណិជ្ជកម្មក្រៅប្រទេស (FTB) បរិច្ចាគថវិកាចំនួន ៥០លានរៀល ដឹកនាំដោយ លោកស្រី នួន បូរ៉ានី ប្រធាននាយិកាប្រតិបត្ដិ ប្រតិបត្ដិការ, ក្រុមហ៊ុន Ganzberg បរិច្ចាគរថយន្ដ Ford Ranger XL 2024 ១គ្រឿង (ពណ៌ស) និងមួកសុវត្ថិភាព ចំនួន ១ពាន់ ដឹកនាំដោយ Mr. Franz Josef Brune ប្រធានរោងចក្រស្រាបៀរ Ganzberg, ក្រសួងធនធានទឹក បរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារ ដឹកនាំដោយលោកស្រី លៀក យុគ, មន្ទីរពេទ្យព្រះអង្គឌួង បរិច្ចាគថវិកាចំនួន ១០លានរៀល និងលោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងភរិយា បរិច្ចាគថវិកាចំនួន ១០លានរៀល ដឹកនាំដោយលោក នង ម៉ានិត នាយករងមន្ទីរពេទ្យព្រះអង្គឌួង, លោក លីម ហ៊ាបលី ប្រធានការិយាល័យគណនេយ្យ និងលោកស្រី សេង ចាន់នី ប្រធានការិយាល័យរដ្ឋបាល មន្ទីរពេទ្យព្រះអង្គឌួង, ធនាគារជាតិនៃកម្ពុជា បរិច្ចាគថវិកា ចំនួន ១៥០លានរៀល តំណាងដោយលោក លី ប៊ុនសោម រួមទាំងសប្បុរសជនជាច្រើនរូបទៀត

ថ្មីៗនេះក៏មានសប្បុរសជនតាមក្រសួងស្ថាប័នមួយចំនួនក៏បាននាំយកថវិកាមកប្រគល់ជូនកាកបាទក្រហមកម្ពុជារួមមាន៖ ថវិការបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ, លោក ជា វ៉ាន់ដេត និងលោកស្រី សុខ លី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឧបត្ថម្ភថវិកាចំនួន ១០០,០០០ដុល្លារ, លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកស្រី ថវិកាចំនួន ៥,០០០ដុល្លារ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឧបត្ថម្ភថវិកាចំនួន ៤០,០០០,០០០រៀល, លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកស្រីសិរីចរណវិសុទ្ធិអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ជូ ថវិកាចំនួន ១២,០០០,០០០រៀល, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឧបត្ថម្ភថវិកាចំនួន ២៥,០០០ដុល្លារ និងសប្បុរសជនជាច្រើនទៀត។

បើគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ មានសប្បុរសជនចំនួន ​៥៨៣ ពីក្រសួងស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋទូទៅ បានចូលរួមបរិច្ចាគថវិកាថវិកា រួមទាំងសម្ភារៈ ជូនកាកបាទក្រហមកម្ពុជាសរុបទឹកប្រាក់ជាងដុល្លារប្រមាណ ៨,៤២៧,៣៩៤ដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជា។

លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងបន្ដថា ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ហើយសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គហិរញ្ញឹក បានឱ្យដឹងទៀតថា ការប្រើប្រាស់ថវិកា របស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាង សង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនអ្នកងាយរងគ្រោះ នៅតាមមូលដ្ឋានគោលដៅមួយចំនួន ដើម្បីពួកគាត់យកទៅប្រកបរបរអាជីវកម្មផ្សេង ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ការផ្តល់ថវិកាជារៀងរាល់ឆ្នាំ ចំនួន ១លានដុល្លារអាមេរិក ជូនមូលនីធិគន្ធបុប្ផា ហើយក្នុងឆ្នាំ២០២៣កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទបានប្រមាណ ជាង៩ម៉ឺន៩ពាន់គ្រួសារ។

ដោយឡែកថ្មីនេះ ក្រុមប្រតិបត្តិកាកបាទក្រហមកម្ពុជា ក៏បានផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ជូនអង្គការសមាគមន៍ចំនួន៥ ដែលក្នុងនោះមាន អង្គការសង្គ្រោះជនអស់សង្ឃឹម អង្គការលើស្ទួយប្រជាពលរដ្ឋមជ្ឈមណ្ឌល់បុរីទារក និងកុមារជាតិ សមាគមដន្ត្រីសំនៀងជនពិការ និងអង្គការផ្ទះបាយកុមារ ដែលមានអ្នកទទួលផលរាប់ពាន់នាក់ផងដែរ។

សូមបញ្ជាក់ទៀតថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៥ ដែលកាកបាទកាកបាទក្រហមកម្ពុជា មិនបានប្រារព្ធពិធីជួបជុំ ដើម្បីអបអរសាទរទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ប៉ុន្តែទោះជាយ៉ាងណាក្តីកាកបាទក្រហមកម្ពុជា គឺបន្ដទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា តាមរយៈការអញ្ជើញ មកផ្ទាល់ដល់ទីស្នាក់ការកណ្ដាល ឬចាត់តំណាងនាំមកប្រគល់ជូន ក៏ដូចជាការផ្ដល់ជូនតាមប្រព័ន្ធធនាគារផ្សេងៗ ហើយកាកបាទក្រហមកម្ពុជា បានចាត់ទុកវិភាគទានទាំងនោះ គឺសុទ្ធតែបានរួមចំណែក ធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា៕







































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...