(បាងកក)៖ អាជ្ញាធរផ្នែកថាមពលថៃ បានឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីប្រចាំថ្ងៃ នៅក្នុងប្រទេសអាស៊ានមួយនេះ បានកើនឡើងដល់កម្រិតដ៏ខ្ពស់បំផុតមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ គឺ៣៦,៧០០មេហ្កាវ៉ាត់ នៅពេលសីតុណ្ហភាពជាមធ្យមនៅទូទាំង ស្ថិតក្នុងកម្រិតចន្លោះ៣៥-៣៨អង្សាសេ ហើយខ្ពស់បំផុត ៤២អង្សាសេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Bangkok Post នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។
តម្រូវការនៃការប្រើប្រាស់ថាមពលខាងលើ ខ្ពស់ជាងគេកំណត់ត្រាចាស់ កាលពីថ្ងៃទី២៧ ខែមេសា ដែលអត្រាប្រើប្រាស់អគ្គិសនី បានឡើងដល់កម្រិត ៣៦,៣៥៦មេហ្កាវ៉ាត់។ គិតចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំនេះមក ជាពេលដែលការប្រើប្រាស់ថាមពល ត្រូវបានកត់ត្រាក្នុងកម្រិតថ្មីមួយគឺ៣០,៩៨៩មេហ្កាវ៉ាត់ អាកាសធាតុក្តៅ បានជំរុញឱ្យតម្រូវការប្រើប្រាស់ថាមពល នៅក្នុងប្រទេសថៃ បន្តកើនឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មីៗ ជាបន្តបន្ទាប់ សរុបចំនួន៩លើក។ បើតាមអាជ្ញាធរថៃ ការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងប្រទេសអាស៊ានមួយនេះ នៅក្រៅរដូវក្តៅ គឺជាទូទៅមិនដល់៣០,០០០មេហ្កាវ៉ាត់ឡើយ ក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា បណ្តាប្រទេសជាច្រើន កំពុងតែទទួលរងការកើនឡើងកម្តៅខ្លាំងនៅក្នុងឆ្នាំនេះ ដោយសារតែឥទ្ធិពលនៃបាតុភូតអាកាសធាតុ El Nino។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ មនុស្សយ៉ាងហោច៣០នាក់ហើយ បានបាត់បង់ជីវិតដោយសារតែកម្តៅក្តៅខ្លាំង៕