បង់ក្លាដែស បិទសាលារៀនជាថ្មី ខណៈដែលកម្តៅឡើងដល់ ៤៣អង្សាសេ

Posted By: RoogRog Robot | 30-Apr-2024 12:59:33

2024-04-30 11:58am

(ដាក្កា)៖ បង់ក្លាដែស បានបិទសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេស និងស្ថាប័នអប់រំស្ទើរតែពាក់កណ្តាលនៃក្រុងស្រុក រួមទាំងនៅក្នុងរដ្ឋធានីដាក្កា ដោយសាររលកកម្តៅខ្លាំងបានធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់ ៤៣អង្សាសេ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០២៤។

ក្រសួងអប់រំបង់ក្លាដែស បានឱ្យដឹងថា ថ្នាក់រៀននៃសាលាបឋមសិក្សារបស់រដ្ឋទាំងអស់ នឹងបន្តបិទរហូតដល់ថ្ងៃព្រហស្បតិ៍នេះ ហើយស្ថាប័នអប់រំនៅក្នុងក្រុងស្រុកចំនួន ២៧ ក្នុងចំណោម ៦៤ រួមទាំងរដ្ឋធានីដាក្កា បន្តបិទមកដល់ថ្ងៃអង្គារនេះ។ រដ្ឋមន្រ្តីអប់រំ លោក Mohibul Hasan Chowdhury Nowfe បានឱ្យដឹងថា ប្រសិនបើសីតុណ្ហភាពនៅក្នុងស្រុកណាមួយ មានកម្រិតលើសពី ៤២អង្សាសេ នោះគ្រឹះស្ថានអប់រំនៅក្នុងស្រុកទាំងនោះ នឹងត្រូវបិទ។ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា កត្តាប្រែប្រួលអាកាសធាតុ បានរួមចំណែកដល់រលកកម្តៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងអូសបន្លាយយូរ អំឡុងរដូវក្តៅ។

គួរបញ្ជាក់ថា នៅក្នុងខែមេសានេះ បង់ក្លាដែស បានកត់ត្រាពីសីតុណ្ហភាពកម្រិតខ្ពស់ជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃទី៩ និងថ្ងៃទី១០ ខែមេសា។ អាជ្ញាធរបានលើកទឹកចិត្តពលរដ្ឋ ឱ្យស្នាក់នៅក្នុងផ្ទះអំឡុងពេលថ្ងៃ ប៉ុន្តែសម្រាប់អ្នកដែលធ្វើការនៅខាងក្រៅ ដូចជាអ្នកបើករ៉ឺម៉កមិនសូវមានការសម្រាកច្រើនទេ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...