គណបក្យហ៊្វុនស៊ិនប៉ិច ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ

Posted By: RoogRog Robot | 29-Apr-2024 14:16:55

2024-04-29 01:13pm

(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច មានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន បានប្រកាសគាំទ្រពេញទំហឹងចំពោះការគិតគូរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល​ក្នុង​ការជីកព្រែកជីកហ្វូណន-តេជោ និងលើកទឹកចិត្តឱ្យការអនុវត្តគម្រោងនេះទទួលបាន​ជោគ​ជ័យ។

ក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ គណបក្សហ៊្វុន​ស៊ិន​ប៉ិច បានគូសរំលេចថា គម្រោងព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គ​ទៅ​សមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង​ជូនជាតិមាតុ​ភូមិ និងប្រជារាស្ត្រខ្មែរ។ ពោល ព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋ​កិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អ​ប្រសើរ​ឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅថា្នក់តំបន់និងពិភពលោក ព្រមទាំង​អាច​ជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជារាស្ត្រ​កម្ពុជា​​ប្រកប​របរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាម​បណ្តាល​ខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលា​ជា​ដើម។

<<គម្រោងដ៏មហាសាលនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនសម្បើមបំផុតសម្រាប់​ប្រជាជាតិខ្មែរ ហើយក៏ជាមោទនភាពសម្រាប់យើងទាំងអស់គ្នាផងដែរ។ ដូចនេះក្នុងនាម ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប្ដេជ្ញាចូលរួមការពារជា​មួយ​រាជរដ្ឋាភិបាលកម្ពុជា ព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រខ្មែរ ធ្វើយ៉ាងណាឱ្យគម្រោង​មួយ​នេះសម្រេចបានជោគជ័យ ជាស្ថាពរ ដើម្បីជាឧត្តមប្រយោជន៍ជាតិ សម្រាប់ប្រជា​រាស្ត្រ​​ខ្មែរគ្រប់ជំនាន់តរៀងទៅ>>។ នេះជាការគូសរំលេចនៃជំហររបស់គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅ​កាន់​​​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ។

គម្រោងនេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹក​នាំ​ដោយ​សម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិ​កាល​ថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជីកព្រែកជីកហ្វូណន-តេជោ ដើម្បី​បម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក​រវាង​ទន្លេ និងសមុទ្ររបស់កម្ពុជា។

គម្រោងជាប្រវត្តិសាស្ត្រមួយនេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ​ទាំង​ក្នុង និងក្រៅប្រទេស ព្រោះពួកគេសុទ្ធតែបានមើលឃើញពីប្រយោជន៍ និងគុណតម្លៃ​មហាសាលនៃព្រែកជីកនេះ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...