ទិវាជំនាញហូកា២០២៤! ក្រសួងទេសចរណ៍បង្ហាញលទ្ធផល និងផែនការបន្ទាប់ក្នុងការបណ្ដុះបណ្ដាលជំនាញហូកាដល់យុវជនកម្ពុជា

Posted By: RoogRog Robot | 29-Apr-2024 13:42:18

2024-04-29 12:38pm

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានរៀបចំ <<ទិវាជំនាញ ហូកា ឆ្នាំ២០២៤>> ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍វិនិយោគលើធនធានមនុស្ស ដើម្បីចែករំលែកអំពីលទ្ធផល និងផែនការបន្តបន្ទាប់ក្នុងការបណ្ដុះបណ្ដាលជំនាញហូកាដល់យុវជនកម្ពុជា ក៏ដូចជាចែករំលែកបទពិសោធន៍ និងទស្សនទានល្អៗលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

ពិធីបើកទិវាជំនាញហូកាឆ្នាំ២០២៤នេះដែរប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយមានការចូលរួមពីលោក Christian DISLER អនុប្រធានសហប្រតិបត្តិការអន្តរជាតិ និងជានាយកកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) និងលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ ព្រមទាំងអ្នកពាក់ព័ន្ធទូទាំងប្រទេសប្រមាណ២០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រតិបត្តិការបណ្ដុះបណ្ដាលជំនាញរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ត្រូវបានអនុវត្តដោយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ ក្រសួង ស្ថាប័ន មន្ទីរនានា គឺបានអនុវត្តដំណាក់កាលចាប់ផ្ដើមចាប់ពីឆ្នាំ២០១៣-២០១៥, ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០១៦-២០២០, ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២០-២០២៤ និងដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨។

លោកថា នៅដំណាក់កាលទី២ (២០២០-២០២៤) គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបណ្ដុះបណ្ដាលជំនាញដល់យុវជននៅក្នុងខេត្តគោលដៅ៥៖ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ដែលមានចំនួនអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលសរុប៤,៥៥៦នាក់ (ស្រី ២,៦១៩នាក់) រួមមាន៖ ជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញសេវាកម្មអាហារនិងភេសជ្ជៈ ជំនាញឆុងកាហ្វេ ជំនាញចុងភៅ ជំនាញមគ្គុទ្ទេសក៍សហគមន៍ កម្មវិធីផ្សេងៗ គ្រូបង្គោល៣៥៦នាក់ និងអ្នកវាយតម្លៃបង្គោល២៣នាក់។

លោក ជួប រតនា បានបន្តថា ស្ទើរតែទាំងអស់នៃអ្នកទទួលបានការបណ្ដុះបណ្ដាលពីគម្រោង ហូកា គឺទទួលបានជំនាញច្បាស់លាស់ មានការងារល្អៗ បានឡើងតំណែង ទទួលបានប្រាក់ខែខ្ពស់ជាងមុន និងមានតម្រូវការទីផ្សារការងារខ្ពស់ផងដែរ។

លោក Christian DISLER បានវាយតម្លៃចំពោះប្រតិបត្តិការរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដោយលោកបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការល្អនេះជាមួយក្រសួង ស្ថាប័នផ្សេងៗ និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់បន្តទៀត ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើន ស្របតាមតម្រូវការការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

លោក Christian Volker Ide បានបង្ហាញក្ដីរីករាយនៅពេលឃើញកិច្ចប្រតិបត្តិការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងរីករាយក្នុងកិច្ចសហការក្នុងកម្មវិធី SDP ដំណាក់កាលទី៣ (២០២៤-២០២៨) ក៏ដូចជាការពង្រីកការបណ្ដុះបណ្ដាលទៅកាន់ខេត្តគោលដៅផ្សេងទៀត។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានចាត់ទុកទិវាជំនាញ ហូកា ឆ្នាំ២០២៤ ជាវេទិកាចែករំលែកបទពិសោធន៍ និងទស្សនទានល្អៗលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅជំរុញអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ ជាពិសេសយុទ្ធសាស្ត្របណ្តុះបណ្តាលយុវជនចំនួន១.៥លាននាក់។

លោករដ្ឋលេខាធិការបានបន្តថា ការបណ្តុះបណ្តាលដែលមានសង្គតិភាព ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងយន្តការគាំទ្រជាគោលនយោបាយ ការរៀបចំកម្មវិធីសិក្សា ធនធានគ្រូបង្គោលដែលមានសមត្ថភាពពិតប្រាកដ និងការគាំទ្រយន្តការហិរញ្ញវត្ថុផងដែរ។

គួររំឭកថា គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund-SDF) ដោយមានគោលបំណង៖

ទី១. លើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុងទម្រង់អភិវឌ្ឍន៍ជំនាញដល់សិក្ខាកាមមុនចូលបម្រើការងារ (Pre-employment Training) ការអភិវឌ្ឍជំនាញដល់និយោជិករបស់រោងចក្រសហគ្រាស (Up-skilling Training) ការអភិវឌ្ឍជំនាញដល់និយោជិកដែលប្ដូរជំនាញថ្មី (Re-skilling Training) ទម្រង់បណ្តុះបណ្តាលថ្មីដូចជាកម្មវិធីហ្វឹកហាត់កូនជាង (Apprenticeship) ការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (WorkBased Learning) និងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។

ទី២. លើកកម្ពស់ការអនុវត្តមូលនិធិអភិវឌ្ឍន៍ជំនាញ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ជាមួយសមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដែលស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តថ្មីៗក្នុងវិស័យទេសចរណ៍ក្រោមការសម្របសម្រួលដោយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា។

ទី៣. ពង្រឹងសមត្ថភាពគ្រូបង្គោលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនធនធានមនុស្សដែលអាចធានាដល់និរន្តរភាព និងចីរភាព នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

លោក ជួប រតនា បានបន្ថែមថា នៅឆ្នាំ២០២៤-២០២៨ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា មានផែនការលើកកម្ពស់ជំនាញវិជ្ជាជីវៈដោយផ្តោតលើកម្មវិធីអាទិភាពចំនួន៦ រួមមាន៖ (១) ការវិភាគតម្រូវការជំនាញ និងកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍ (២) ជំរុញការបណ្តុះបណ្តាល និងកម្មវិធីបណ្តុះបណ្តាលឆ្លើយតបទៅនឹងទីផ្សារការងារ (៣) លើកកម្ពស់គុណភាពការបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូ (៤) ជំរុញភាពជាដៃគូរជាមួយវិស័យឯកជន និងដៃគូរពាក់ព័ន្ធ (៥) ផ្សព្វផ្សាយជំនាញវិជ្ជាជីវៈដល់ស្រទាប់យុវជន និង(៦) កសាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ ដោយពង្រីកដល់ខេត្តគោលដៅចំនួន១០៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៕




































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...