រដ្ឋមន្រ្តីការបរទេសថៃ លាលែងពីតំណែង ក្រោយការរុះរើគណៈរដ្ឋមន្រ្តី

Posted By: RoogRog Robot | 29-Apr-2024 11:25:53

2024-04-29 10:24am

(បាងកក)៖ រដ្ឋាភិបាលថៃ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា បានប្រកាសថា រដ្ឋមន្ត្រីការបរទេស លោក Parnpree Bahiddha-Nukara បានលាលែងពីតំណែង បន្ទាប់ពីរបូតតំណែងឧបនាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី ចំពេលដែលប្រទេសអាស៊ានមួយនេះព្យាយាមដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលាលែងពីតំណែងដ៏មិននឹកស្មានដល់របស់លោក បានទុកឱ្យតំណែងដឹកនាំក្រសួងការបរទេសនៅទំនេរ ខណៈរូបលោកគឺជាអ្នកដឹកនាំក្រុមការងារទទួលបន្ទុកកិច្ចការ មីយ៉ាន់ម៉ា ហើយកាលពីខែមុននោះបានចាប់ផ្តើមគំនិតផ្តួចផ្តើមមនុស្សធម៌ ដែលស្វែងរកការត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាជុំវិញបញ្ហាសង្គ្រាម អស្ថិរភាព និងអំពើហិង្សាដែលបង្កឡើងដោយរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានប្រាប់ Reuters ថា លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៉ីន បានទទួលយកលិខិតសុំលាលែងពីតំណែងរបស់ លោក Parnpree ហើយ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា <<ការលាលែងពីតំណែងរបស់ លោក Parnpree នឹងមិនប៉ះពាល់ដល់ការងាររបស់រដ្ឋាភិបាលក្នុងកិច្ចការ ការបរទេសទេ ព្រោះលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃក្រសួងការបរទេស និងមន្ត្រីនានាអាចធ្វើការជំនួសបាន>>។

Reuters មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក Parnpree បានទេ។ នៅក្នុងលិខិតលាលែងពីតំណែង លោក Parnpree បាននិយាយថាលោកផ្ទាល់ជឿជាក់ថា រូបលោកមិនមែនត្រូវបានដកតំណែងឧបនាយករដ្ឋមន្ត្រី ដោយសារតែការធ្វើការមិនបានល្អនោះទេ តែផ្ទុយទៅវិញលោកបានធ្វើការបានយ៉ាងល្អ និងបានជួយស្ដារមុខមាត់ ថៃនៅលើឆាកអន្តរជាតិទៀតផង៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...