មេធាវីស្ត្រីនៃគណៈមេធាវីចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តដល់កុមារីនិងយុវតីនៃអង្គការអាហ្វេស៊ីបកម្ពុជា

Posted By: RoogRog Robot | 29-Apr-2024 08:58:04

2024-04-29 07:54am

(ភ្នំពេញ)៖ មេធាវីស្ត្រីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយកុមារី និងយុវតីនៅអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP) ជាមួយនឹងការចែករំលែកក្ដីស្រឡាញ់ ការលើកទឹកចិត្តដ៏មានតម្លៃដល់កុមារីនិងយុវតីឲ្យខិតខំអភិវឌ្ឍខ្លួន ដើម្បីកសាងអនាគតដ៏ថ្លៃថ្លា។

សកម្មភាពសប្បុរសធម៌នេះដឹកនាំដោយលោកស្រី ឈីវ ភិរម្យ និងជាតំណាងលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP) ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP) បានឱ្យដឹងថា អង្គការនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដោយផ្ដើមចេញពីបុព្វហេតុស្រណោះអាណិតដល់កុមារីកម្ពុជាដែលរងការរំលោភបំពាន ដើម្បីជួយស្រោចស្រង់អនាគតរបស់ពួកគេឱ្យបានល្អប្រសើរឡើងវិញ ប្រែក្លាយពួកគេឱ្យក្លាយធនធានមនុស្សដែលមានតម្លៃ។

លោកស្រីប្រធានអង្គការបានបន្តថា នៅពេលរងនូវការរំលោភបំពានតាមរូបភាពផ្សេងៗហើយ កុមារីទាំងនោះខ្លះក៏គ្មានទីពឹង ខ្លះក៏ប៉ះពាល់សតិអារម្មណ៍ធ្ងន់ធ្ងរ ខ្លះក៏ត្រូវឪពុកម្ដាយបោះបង់ ខ្លះក៏ខ្វះទីជម្រកជាដើម ដូច្នេះនៅពេលពួកគេទទួលបានការមើលថែពីអង្គការអាហ្វេស៊ីបកម្ពុជា ពួកគេមានទីពឹងរឹងមាំ មានការការពារសិទ្ធិ មានអាហារគ្រប់គ្រាន់ មានអ្នកមើលថែ មានការពិនិត្យសុខភាព ស្រោចស្រង់សតិអារម្មណ៍ឱ្យល្អប្រសើរឡើងវិញ ទទួលបានការអប់រំបណ្ដុះបណ្ដាល បណ្ដុះបំណិនជីវិត និងបានបន្តការសិក្សាពីថ្នាក់ទាបរហូតដល់មហាវិទ្យាល័យ ឬអាចដល់កម្រិតឧត្តមសិក្សា ដែលពួកគេមួយចំនួនក៏បានចូលបម្រើការងារល្អៗក្នុងសង្គម។ លោកស្រីថា អង្គការអាហ្វេស៊ីបក៏ជួយបើកហាងអាជីវកម្មឱ្យអ្នកដែលមានជំនាញវិជ្ជាជីវៈ ពោលគឺធ្វើយ៉ាងណាជួយឱ្យពួកគេមានអនាគតសមរម្យ។

នៅពេលពួកគេមានការងារធ្វើ មានប្រាក់ចំណូល ឬក៏មានលទ្ធភាពគួរសមហើយ ពួកគេក៏អាចបន្តការជួយអ្នកដទៃទៀតដែលជួបបញ្ហាលំបាក ឬរងគ្រោះដោយប្រការណាមួយ នេះហើយគឺជាបំណង និងបណ្ដាំរបស់លោកស្រី ម៉ម សុម៉ាលី ដែលកុមារី និងយុវតីគ្រប់គ្នាតែងហៅថា <<ម៉ែចាស់ៗ>> ពោលគឺលោកស្រី ម៉ម សុម៉ាលី មិនត្រូវការឱ្យមានការតបស្នងមកកាន់លោកស្រីវិញទេ តែលោកស្រីចង់ឱ្យពួកគេចេះជួយសង្គម សងគុណផែនដី សងគុណប្រទេសជាតិរបស់ខ្លួន។

លោកស្រី ម៉ម សុម៉ាលី ស្ត្រីដែលធ្វើការជួយក្មេងៗរងគ្រោះជាង៣០ឆ្នាំមកនេះ បានថ្លែងយ៉ាងដូច្នេះថា <<ក្មេងមកពីណា មិនសំខាន់ទេ ឱ្យតែយើងអប់រំបណ្ដុះបណ្ដាលពួកគាត់ឱ្យបានល្អ គឺពួកគាត់នឹងបានល្អដូចគេទូទៅដែរ>>។

បន្ទាប់ពីស្ដាប់ការរៀបរាប់ដើមចមសាវតារបស់ប្រធានអង្គការរួចមក លោកស្រី ឈីវ ភិរម្យ រួមទាំងអ្នកចូលរួមទាំងឡាយក៏បានសំណេះសំណាលជាមួយកុមារី និងយុវតីនៅអង្គការអាហ្វេស៊ីបកម្ពុជានេះ។ លោកស្រីបានលើកទឹកចិត្តដល់កុមារី និងយុវតីដែលធ្លាប់រងគ្រោះទាំងឡាយឱ្យបំភ្លេចរឿងអតីតកាលហ្មងសៅទាំងឡាយកន្លងទៅឱ្យអស់ ហើយងាកមកខិតខំកសាងខ្លួនឱ្យក្លាយជាមនុស្សល្អ ខិតខំសិក្សារៀនសូត្រ ស្ដាប់ការទូន្មានរបស់ម៉ែចាស់ (លោកស្រី ម៉ម សុម៉ាលី) ព្រមទាំងអ្នកគ្រូ លោកគ្រូដទៃទៀត ដើម្បីឱ្យខ្លួនយើងកាន់តែមានតម្លៃ បន្តការសិក្សារៀនសូត្រឱ្យបានចប់ រៀនភាសាអង់គ្លេស ឬភាសាបរទេសផ្សេងទៀតឱ្យបានស្ទាត់ នឹងទទួលបានការងារធ្វើសមរម្យ មានមុខរបរល្អណាមួយសម្រាប់ទ្រទ្រង់ជីវភាពខ្លួនឯងទៅថ្ងៃមុខ។

លោកស្រីបានបន្តលើកទឹកចិត្តថា សង្គមមិនរើសអើងកុមារី និងយុវតីដែលធ្លាប់រងគ្រោះដោយការរំលោភបំពាននោះទេ ផ្ទុយទៅវិញមានការជួយលើកតម្កើង ព្រោះគ្រប់គ្នាសុទ្ធតែជាប្រជាជនកម្ពុជា ជាមនុស្សជាតិដូចគ្នា ឱ្យតែយើងតាំងចិត្តធ្វើជាមនុស្សល្អ អភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានសម្រាប់សង្គម នោះយើងនឹងកាន់តែមានតម្លៃ សង្គមត្រូវការ។ លោកស្រីបានណែនាំមីងៗ និងបងស្រីដែលជាមេធាវី ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីរាជការ គ្រូពេទ្យ នគរបាល អាជីវករ ប្រាប់ទៅកាន់កុមារី យុវតីផងដែរ ដើម្បីលើកទឹកចិត្ត បណ្ដុះគំនិតឱ្យពួកគេមានក្ដីស្រមៃ ខិតខំអភិវឌ្ឍខ្លួន ឈានទៅសម្រេចបាននូវក្ដីស្រមៃរៀងៗខ្លួន។

លោកស្រី ឈីវ ភិរម្យ ក៏បានចែករំលែកបទពិសោធន៍ដល់កុមារីនិងយុវវតីក្នុងកម្មវិធីនោះ អំពីការតស៊ូក្នុងជីវិតតាំងពីកុមារភាពក្នុងជីវភាពក្រខ្សត់ ប៉ុន្តែនៅតែខិតខំតស៊ូជម្នះព្រេងវាសនា ខិតខំសិក្សាអភិវឌ្ឍចំណេះដឹង ឆ្លងកាត់ឧបសគ្គច្រើនជំពូក តែដោយសារការព្យាយាម ទើបទទួលបានសមិទ្ធផល និងការងារដ៏ល្អក្នុងជីវិតនាពេលជាង៤០ឆ្នាំមកនេះ។

ជាមួយគ្នានោះ លោកស្រី ឈីវ ភិរម្យ ក៏បាននាំយកនូវបណ្ដាំ៥ឃ្លាដែលជាឃ្លាវេទមន្តធ្លាប់បានប្រើក្នុងជីវិត និងបន្តប្រើប្រាស់តទៅមុខទៀត ចែករំលែកជូនកុមារី និងយុវតីនៃអង្គការអាហ្វេស៊ីបផងដែរ ក្នុងនោះរួមមាន៖

១. <<សម្រេចចិត្តបំភ្លេចអតីតកាល និងផ្តល់អភ័យដើម្បីជីវិតមួយថ្មី>>២. <<ត្រូវមានក្តីស្រមៃ>>៣. <<ខ្ញុំមិនខ្ជិលដាច់ខាត>>៤. <<ធ្វើអ្វី ធ្វើឱ្យល្អបំផុត>>៥. <<ប្តេជ្ញាចិត្តរៀនភាសាបរទេសមួយបន្ថែមឱ្យបានស្ទាត់ជំនាញ>>

លោកស្រី ឈីវ ភិរម្យ ក៏បានពាំនាំនូវប្រយោគពរជ័យសំខាន់ៗមួយចំនួនទៀតដែរ ចែកជូនដល់កុមារីនិងយុវវតីនៃអង្គការអាហ្វេស៊ីប៖

* ពុទ្ធពរទាំង៤ប្រការរបស់ព្រះពុទ្ធបរមគ្រូ គឺ <<អាយុ វណ្ណៈ សុខៈ ពលៈ>>* ពររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺ <<បដិភាណៈ>>* ពរដ៏ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ <<សន្តិភាព អភិវឌ្ឍនៈ>>

គួរជម្រាបថា លោកស្រី ឈីវ ភិរម្យ ព្រមទាំងមេធាវីស្ត្រីនៃគណៈមេធាវី ក៏ដូចជាសប្បុរសជនបានប្រគល់អំណោយមានជាគ្រឿងឧបភោគបរិភោគ វត្ថុអនុស្សាវរីយ៍ ថវិកាមួយចំនួនចែកជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក យុវតី កុមារីតូចៗនៃអង្គការអាហ្វេស៊ីបកម្ពុជា ពិសេសនោះក៏មានការរៀបចំខួបអនុវស្សាវីយរបស់អង្គការ AFESIP ផងដែរ៕







































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...