រឿងគម្រោងព្រែកជីកហ្វូណន-តេជោ, សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅទណ្ឌិត សម រង្សី បើមិនដឹងខ្យល់កុំនិយាយ រដ្ឋាភិបាលចំណាយពេលសិក្សាយ៉ាងលំអិតរយៈពេលប្រមាណ២៦ខែ (Video inside)

Posted By: RoogRog Robot | 28-Apr-2024 14:44:13

2024-04-28 01:41pm

(ភ្នំពេញ)៖ រឿងគម្រោងព្រែកជីកហ្វូណន-តេជោ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំទៅអ្នកនយោបាយរត់ចោលស្រុក លោក សម រង្ស៉ី ថាបើមិនដឹងខ្យល់អីកុំនិយាយ គម្រោងព្រែកជីកនេះ គឺក្រុមការងារជំនាញបានសិក្សាយ៉ាងលំអិតដោយចំណាយពេលប្រមាណ ២៦ខែ និងមានការសិក្សាយ៉ាងល្អិតល្អន់ពីសារៈសំខាន់នៃព្រែកជីកហ្វូណន-តេជោ សម្រាប់សេដ្ឋកិច្ច-សង្គមកម្ពុជា។​

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បង្ហាញការសោកស្តាយចំពោះអ្នកនយោបាយចាស់វស្សា គឺលោក សម រង្ស៉ី ដែលមានភាពឆោតល្ងង់ ដែលចេញមុខមកជេរ លាភពណ៌ និងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ សម្តេចថាការចេញមុខរបស់លោក សម រង្ស៉ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺជាភាពទាំងងងឹតងងុល ដោយមិនគិតពីផលប្រយោជន៍របស់ជាតិទាល់តែសោះរបស់អ្នកនយោបាយចាស់វស្សា សម រង្ស៉ី សម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ <<ថ្ងៃមុនចេញមកជេរ លោក សម រង្ស៉ី គាត់ចេញមកជេរខ្ញុំតាម Facebook ខ្ញុំឆ្ងល់គាត់ជេរអត់ចេះចប់ ខ្ញុំគ្រាន់តែជូនដំណឹងទៅប្រាប់ថា ខ្ញុំមិនបានចំណាយពេលទៅស្តាប់គាត់ទេ ទៅចុះគាត់ថាយើងដាក់យ៉ាងតក់ក្រហល់ (គម្រោងព្រែកជីកហ្វូណនតេជោ) គ្មានស្មារតីទទួលខុសត្រូវ ២៦ខែ សិក្សាលំអិត បើអត់ដឹងខ្យល់កុំនិយាយ>>។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជុំវិញគម្រោងសាងសង់ព្រែកជីហ្វូណនតេជោ របស់កម្ពុជា បានក្លាយជាផ្ទាំងស៉ីបរបស់ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកមិនគិតពីផលប្រយោជន៍របស់ជាតិ និងខ្មែរ ដែលបម្រើឱ្យវិទ្យុបរទេស តែងតែលើកយកធ្វើជាប្រធានបទ ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដោយផ្សព្វផ្សាយមួលបង្ហាច់គ្រប់រូបភាព ក្នុងន័យបម្រើមហិច្ឆតារបស់បក្ខពួកខ្លួន។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមប្រឆាំងថា សូមកុំយកមនុស្សក្លែងក្លាយ ដើម្បីធ្វើជាប្រភពព័ត៌មាន សម្រាប់វាយប្រហារលើគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជាឱ្យសោះ។ សម្តេចបានបញ្ជាក់ថា សម្តេចមិនជឿថា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា មានមន្ត្រីល្ងង់ដល់ផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៉ីសេរី ថាគម្រោងព្រែកជីកនេះរដ្ឋាភិបាលកម្ពុជាខ្ចីលុយចិន គម្រោងនេះជាគម្រោង BOT កម្ចីឯកជន រដ្ឋមិនមែនជាអ្នកខ្ចីនោះទេ។ ចំណុចនេះ អាចបញ្ជាក់យ៉ាងច្បាស់ថាក្រុមប្រឆាំងមានចេតនាអាក្រក់ ដើម្បីបំផ្លាញការរីកចម្រើនរបស់កម្ពុជា។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។

ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសខ្លាំងៗ ប្តូរផ្តាច់ ក្នុងការសាងសង់ ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន នៅពេលខាងមុខនេះ ដើម្បីផ្តល់នូវប្រយោជន៍ដ៏មហិមាដល់ជាតិ និងប្រជាជនកម្ពុជា៕
























































News Source: freshnewsasia.com
LATEST NEWS
នាយករដ្ឋមន្ត្រីប្រឌិតព័ត៌មាន
MORE NEWS CLICK HERE...