បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម

Posted By: RoogRog Robot | 28-Apr-2024 08:34:03

2024-04-28 07:28am

(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីករណីរក្សាទុក ជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម។

ការបង្ក្រាបនេះអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ២០២៤ វេលាម៉ោង១៣៖៣៩នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការនោះ កម្លាំងជំនាញឃាត់ខ្លួនជនល្មើស ២នាក់៖ ឈ្មោះ សុខ គោកា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៦ និងឈ្មោះ គង់ សុជាតិ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨២ ដោយចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ ២៣០១០ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៤៩៨០ក្រាម ដោយសរុបគ្រឿងញៀនចាប់យកទម្ងន់ ២៧៩៩០ក្រាម (២៧គីឡូក្រាម ៩៩០ក្រាម)។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេលចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ ក្នុងបរិមាណជាច្រើនគីឡូក្រាម ដោយបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕




News Source: freshnewsasia.com
LATEST NEWS
នាយករដ្ឋមន្ត្រីប្រឌិតព័ត៌មាន
MORE NEWS CLICK HERE...