សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា រំពឹងកើនឡើង ៣ភាគរយនៅឆ្នាំ២០២៤

Posted By: RoogRog Robot | 26-Apr-2024 15:28:15

2024-04-26 02:21pm

(កូឡំបូ)៖ ធនាគារកណ្តាលស្រីលង្កា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ត្រូវបានរំពឹងថានឹងកើនឡើង ៣ភាគរយនៅឆ្នាំ២០២៤ បន្ទាប់ពីបានទម្លាក់អត្រាការប្រាក់ ក្នុងគ្រាដែលមានការថយចុះអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សេដ្ឋកិច្ចរបស់ប្រទេសដីកោះនេះ បានធ្លាក់ចុះ ២,៣ភាគរយក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ២០២២ ខណៈដែលប្រទេសនេះបានធ្លាក់ ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៨ និងបន្ទាប់ពីការធ្លាក់ចុះទុនបម្រុងរូបិយប័ណ្ណបរទេសដល់កម្រិត ទាបបំផុតនៅដើមឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់របាយការណ៍ ដែលចេញផ្សាយដោយធនាគារកណ្តាលនៃស្រីលង្កាថា៖ <<ស្រីលង្កាមិនទាន់បានចេញផុត ពីវិបត្តិទាំងស្រុងនោះទេ។ មិនមានលំហរណាមួយ ដែលអាចបណ្តាលឱ្យមានការធ្លាក់ចេញពីផ្លូវ ដែលបានប្តេជ្ញាចិត្តឡើយ>>។

ទោះជាយ៉ាងណា ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់ក្នុងខែមីនា ក្នុងគោលបំណងផ្តល់អាទិភាព ដល់កំណើនសេដ្ឋកិច្ចបន្ទាប់ពីរក្សាអត្រាការប្រាក់ គោលនយោបាយរបស់ខ្លួន មិនផ្លាស់ប្តូរក្នុងខែមករា ដើម្បីទប់ទល់នឹងអតិផរណា។ ស្រីលង្កាក៏កំពុងព្យាយាមបន្ធូរបន្ថយវិបត្តិបំណុលផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...