អតីតសមាជិកគណៈកម្មការនាយកបក្សសង្គ្រោះជាតិ ហួសចិត្តនឹង សម រង្ស៊ី ប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ (Video inside)

Posted By: RoogRog Robot | 26-Apr-2024 14:02:15

2024-04-26 01:00pm

(ភ្នំពេញ)៖ អតីតសមាជិកគណៈកម្មការនាយកបក្សសង្គ្រោះជាតិ លោក សាន សាង បានសម្ដែងនូវការហួសចិត្តជាខ្លាំង និងធ្វើការថ្កោលទោសចំពោះទណ្ឌិត សម រង្ស៉ី ដែលប្រឆាំងគម្រោងសាងសងព្រែកជីកហ្វូណន-តេជោ។

ជាមួយនឹងការថ្កោលទោសនេះ លោក សាន សាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ ដល់គម្រោងសាងសងព្រែកជីកដ៏មានអត្ថប្រយោជន៍នេះ ដើម្បីលេចចេញជារូបរាងឡើងនៅថ្ងៃអនាគត។ លោកយល់ឃើញថា គម្រោងនេះនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ក្នុងនោះមានទាំងវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។

អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា <<ខ្ញុំសូមធ្វើការបដិសេធ និងថ្កោលទោសនូវគំនិតអាក្រក់ជ្រុលនិយម របស់បុគ្គល សម រង្ស៉ី ដែលមានបំណងមករារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីភ្នំពេញ រហូតដល់សមុទ្រខេត្តព្រះសីហនុ ដែលជាគម្រោងអភិវឌ្ឍន៍មួយនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន វិស័យអចលនទ្រព្យ និងវិស័យវិនិយោគផ្សេងៗទៀត។

កន្លងមកបុគ្គល សម រង្ស៉ី តែងតាំងរារាំងរាល់គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ទោះជាគម្រោងទាំងឡាយនោះមានអត្ថប្រយោជន៍ដល់ប្រទេសជាតិយ៉ាងណាក៏ដោយ ក៏បុគ្គល សម រង្ស៉ី តែងតែរារាំងប្រឆាំងជានិច្ច ប្រឆាំងដើម្បីឲ្យបានតែប្រឆាំងប៉ុណ្ណោះ ដោយពុំបានគិតអំពីផលប្រយោជន៍ជាតិសោះឡើយ។ ហេតុដូច្នេះខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមចំណែកកសាងព្រែកជីកហ្វូណន ជាមួយរាជរដ្ឋាភិបាលឲ្យបានចេញជារូបរាងជាស្ថាពរនៅថ្ងៃអនាគត>>។

គួររំលឹកផងថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សម រង្ស៉ី អតីតមេបក្សប្រឆាំងគណបក្សសង្គ្រោះជាតិ បានបង្ហោះសាររិះគន់គម្រោងព្រែកជីកហ្វូនណនតេជោថា ប៉ះពាល់បរិស្ថានសង្គម និងថាធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។ ការលើកឡើងរបស់ លោក​ សម រង្ស៉ី នាំឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយនាំគ្នាថ្កោលទោសអតីតមេបក្សប្រឆាំងនៅឯនាយសមុទ្ររូបនេះផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...