ពលរដ្ឋមានបញ្ហាភ្នែកបន្តទទួលបានការពិនិត្យព្យាបាលឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យសុខភាពភ្នែកមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ

Posted By: RoogRog Robot | 19-Apr-2024 22:56:29

2024-04-19 09:53pm

(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យសុខភាពភ្នែកមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តចុះពិនិត្យស្រាវជ្រាវបញ្ហាសុខភាពភ្នែកជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពជីគរ ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការពិនិត្យព្យាបាលនេះ ក្រោមការឧបត្ថម្ភគាំទ្រ ពីមូលនិធិហ្វ្រេដហូឡូ ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរពេទ្យសុខាភិបាលខេត្តត្បូងឃ្មុំ។ ក្នុងនោះមានការចូលរួមទស្សនៈកិច្ចស្វែងយល់ផងដែរ ពីប្រតិភូរបស់មូលនិធិថែទាំភ្នែក EYE CARE FOUNDATION។

ក្នុងឱកាសនោះ តំណាងមូលនិធិថែទាំភ្នែក EYE CARE FOUNDATION ក៏បានផ្តល់អនុសាសន៍អប់រំបញ្ហាសុខភាពភ្នែក ជូនដល់ប្រជាពលរដ្ឋ ដើម្បីជៀសវាងអោយផុតពីការឆ្លងជំងឺផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់ភ្នែក និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពភ្នែក ត្រូវប្រញាប់ទៅរកកន្លែងព្យាបាលដែលនៅជិតលំនៅដ្ឋានរបស់ខ្លួនជាបន្ទាន់។

ជាលទ្ធផលការពិនិត្យភ្នែក ជូនប្រជាពលរដ្ឋបានចំនួន៦៣នាក់ ក្នុងនោះ ស្រី៤៥នាក់ មានជំងឺដូចជា ឡើងបាយភ្នែក កន្ទុយថ្លែន ភ្នែកក្រហម ទឹកដក់បាតភ្នែក និងជំងឺភ្នែកផ្សេងៗទៀត។ ក្រោយពិនិត្យដោយគ្រូពេទ្យជំនាញរួច ត្រូវបានបញ្ជូនទៅធ្វើការវះកាត់និងព្យាបាល ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...