ហ្ស៊កដានី ព្រមានថាការសងសឹករបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ អាចនឹងរុញច្រានតំបន់ទាំងមូលទៅកាន់មាត់ជ្រោះសង្រ្គាម

Posted By: RoogRog Robot | 18-Apr-2024 10:36:08

2024-04-18 09:32am

(អាម៉ាន់)៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានី បាននិយាយកាលពីថ្ងៃពុធ ទី១៧ ខែមេសាថា ការសងសឹកណាមួយរបស់អ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ អាចនឹងរុញច្រាន តំបន់ទាំងមូលទៅកាន់មាត់ជ្រោះនៃសង្រ្គាមដ៏បំផ្លិចបំផ្លាញមួយ បន្ទាប់ពីអ៉ីស្រាអែលប្ដេជ្ញាថាត្រូវតែចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក អៃម៉ាន់ សាហ្វាឌី (Ayman Safadi) រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី បានបញ្ជាក់ថាប្រទេសរបស់លោក បាន និងកំពុងប្រឹងប្រែងបញ្ចុះបញ្ចូលមហាអំណាចធំៗឱ្យជួយទប់ស្កាត់ការផ្ទុះរាលដាលជម្លោះដែលអាចនឹងបង្កជាផលវិបាកធ្ងន់ធ្ងរដល់ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់មជ្ឈិមបូព៌ា។ <<ហានិភ័យគឺមានទំហំធំធេងណាស់។ វាអាចរុញច្រានឱ្យតំបន់ទាំងមូលទៅកាន់មាត់ជ្រោះនៃសង្រ្គាមដែលអាចនឹងបំផ្លិចបំផ្លាញពួកយើងនៅក្នុងតំបន់ និងបង្កផលវិបាកដល់បណ្ដាប្រទេសផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិកផងដែរ>>។ នេះជាការគូសបញ្ជាក់របស់លោក អៃម៉ាន់ សាហ្វាឌី។

គួរបញ្ជាក់ថា ហ្ស៊កដានីដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ក៏បានចូលរួមនៅក្នុងការជួយបាញ់ទម្លាក់ដ្រូន និងមីស៊ីល អំឡុងការវាយប្រហារសងសឹករបស់ អ៉ីរ៉ង់លើអ៉ីស្រាអែល ដែលហោះកាត់ប្រទេសរបស់ខ្លួនឆ្ពោះទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម កាលពីសប្ដាហ៍មុន។ ការវាយប្រហាររបស់អ៉ីរ៉ង់មិនបានបង្កការខូចខាតធ្ងន់ ឬមាន មនុស្សស្លាប់ក្នុងទឹកដីអ៉ីស្រាអែលនោះទេ ប៉ុន្តែអ៉ីស្រាអែលបាននិយាយថាខ្លួនត្រូវតែសងសឹកចំពោះអ៉ីរ៉ង់ ដើម្បីថែរក្សាការពារការកំញើញទប់ស្កាត់របស់ខ្លួនប្រឆាំងនឹងសត្រូវ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...