អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបុព្វបុរសខ្មែរប្រសិទ្ធនាមយកទន្លេ «ចតុមុខ ឬមុខ៤» ជានិម្មតរូបនៃបេះដូងព្រះនគរខ្មែរ?

Posted By: RoogRog Robot | 09-May-2021 06:08:08

2021-05-09 08:04pm

(ភ្នំពេញ)៖ ផែនដីកម្ពុជា បើគិតចាប់តំាងពីការធ្លាក់ចុះនៃអារ្យធម៌អង្គរ ពិសេសចាប់តាំងពីសម័យទំនើបរៀងមក បើគេនិយាយពីកម្ពុជា គឺរាជធានីភ្នំពេញជាបេះដូងនៃព្រះនគរខ្មែរ។ ទីតំាងភូមិសាស្រ្ដរាជធានីភ្នំពេញស្ថិតនៅតំបន់ទំនាបកណ្ដាលនៃប្រទេសត្រង់ចំណុចប្រសព្វនៃទន្លេបួន គឺទន្លេមេគង្គលើ មេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ហៅថា <<ចតុមុខ ឬមុខ៤>> នៅចំពីមុខព្រះបរមរាជវំាងចតុមុខ ជានិម្មិតរូបនៃព្រះនគរខ្មែរ។

* ហេតុអ្វីបុព្វបុរសខ្មែរប្រសិទ្ធនាមយកទន្លេ <<ចតុមុខ ឬមុខ៤>> ជានិម្មិតរូបនៃព្រះនគរខ្មែរ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ថា ចំពោះផែនដីកម្ពុជា បើគិតចាប់ពីការធ្លាក់ចុះនៃអារ្យធម៌អង្គរ ពិសេសចាប់តំាងពីសម័យទំនើបតរៀងមក គឺរាជធានីភ្នំពេញជាបេះដូងនៃព្រះនគរខ្មែរ។ ចំពោះសាវតាររាជធានីភ្នំពេញនេះទៀតសោត វែងឆ្ងាយណាស់ តែជាទូទៅគេកំណត់យកក្នុងរជ្ជកាលព្រះបាទពញាយ៉ាត ដោយបានសាងសង់ពីសតវត្សទី១៥ រហូតមកដល់បច្ចុប្បន្នមានអាយុកាលប្រមាណ ៥០០ឆ្នាំ។

លោក រត្ន័ សណ្ដាប់ បន្ដថា ចំពោះរាជធានីភ្នំពេញ ជាបេះដូងនៃព្រះនគរខ្មែរ យើងតែងឃើញខុសគ្នាបន្តិចបន្តួចក្នុងសំណេរ ឬពីច្បាប់មួយទៅច្បាប់មួយ និងពីសម័យកាលមួយទៅសម័យកាលមួយផងដែរ។ ពីព្រោះបើយើងពិនិត្យរាជធានីភ្នំពេញ បន្ទាប់ពីការសាងសង់រួច និងការប្រសិទ្ធនាមដោយព្រះបាទពញាយ៉ាត គឺបានកំណត់យកតាមការប្រសព្វទន្លេបួនហៅថា <<ក្រុងចតុម្មុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជសីមា មហានគរ>> ឬ <<ក្រុងចតុម្មុខ>> ឬ <<ព្រះបរមរាជវាំងចតុមុខ>> ដោយទន្លេនេះមានឈ្មោះដើមថា <<ទន្លេច្រាបឈាម>>។ ចំពោះភាសាបាលី ចតុម្មុខ ឬសំស្រ្ដឹត ចតុម៌ុខ។

លោក រត្ន័ សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះចំពោះមូលហេតុបុព្វបុរសខ្មែរកំណត់យកទន្លេចតុមុខ ឬមុខ៤ ជានិម្មិតរូបរាជធានីភ្នំពេញជាបេះដូងនៃព្រះនគរខ្មែរ ពីព្រោះស្ថិតនៅក្នុងប្រព័ន្ធជំនឿខ្មែរទំាងផ្លូវអាណាចក្រ និងទំាងផ្លូវពុទ្ធិចក្រតំាងពីបុរាណរៀងមកនោះ គឺ៖

១៖ ចតុមុខ ឬមុខ៤ ផ្លូវអាណាចក្រ ចំពោះផ្លូវទឹកមានសារសំខាន់ណាស់សម្រាប់បម្រើដល់ព្រះនគរទំាងវិស័យកសិកម្ម ការដឹកជញ្ជួនផ្លូវទឹក ពិសេសជាទីតំាងភូមិសាស្រ្ដដ៏រឹងមំាសម្រាប់ទប់ទល់ពីការឈ្លានពានពីបរទេសផងដែរ។ ចំពោះទំនៀមគ្រប់គ្រងព្រះនគរទៀតសោត មុខ៤ នៅសម័យកណ្ដាលសំដៅទៅលើសេនាធិបតីជាមន្ត្រីធំ៤ ហៅថា ចតុរង្គសេនា។

២៖ ចតុមុខឬមុខ៤ ផ្លូវពុទ្ធិចក្រ ចំពោះទឹកជាទេពមួយសំខាន់ណាស់ក្នុងប្រព័ន្ធជំនឿខ្មែរ ដោយទឹកផ្ដល់នូវភាពត្រជាក់ត្រជុំ។ បើដូចនេះស្ថិតក្នុងប្រព័ន្ធជំនឿនេះទំាងព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីជាដើម គឺខ្មែរឲ្យតម្លៃខ្លាំងណាស់ទៅលើព្រហ្មមុខ៤។

ស្ថិតក្នុងន័យនេះទន្លេចតុមុខ ឬមុខ៤នេះ ស្របនិងទស្សនៈប្រព័ន្ធជំនឿខ្មែរ ដោយទឹកជាទេពផ្ដល់នូវសិរីមង្គលដល់ព្រះនគរ ជាកម្លំាងថាមពលដ៏រឹងមំា និងផ្ដល់នូវសុខសន្ដិភាពដល់ព្រះនគរតរៀងទៅ។

ជាក់ស្ដែងព្រះបាទជ័យវរ្ម័នទី៧ គោរពពុទ្ធសាសនាមហាយានលោកេស្វរៈមុខ៤ ប្រកបដោយទឹកមុខញញឹមរាក់ទាក់ចេញពីបេះដូងយ៉ាងស្រស់បំព្រងទៅគ្រប់ទិសធំៗទំាង៤។ ព្រះពុទ្ធសាសនាថេរវាទនេះទៀតសោត ព្រះអង្គតែងបន់ស្រន់ឲ្យមនុស្សលោកផងទំាងពួង ឲ្យរស់ដោយសុខសន្ដិភាព ប្រកបដោយពុទ្ធិពរទំាង៤ប្រការ។

មួយវិញទៀត យ័ន្ដខ្មែរ ជាក្បួនការពារព្រះនគរ ក៏ដូចជាសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទខ្មែរ បានសាងទ្បើងមានរាង៤ ជ្រុងស្មើ ឬ៤ជ្រុងទ្រវែង ដូចជា ប្រាសាទចតុម្មុខជាដើម ហើយដែលកាលពីកន្លងមកនេះ យើងឃើញលោកស្រី មែន សំអន បានជុសជុលទ្បើងវិញ ដើម្បីថែរក្សាមរតកដូនតាទុកឲ្យកូនខ្មែរបានស្គាល់គ្រប់ៗជំនាន់តរៀងទៅជាភស្ដុតាង។

ក្នុងគំនិតខ្មែរតួលេខ៤នេះទៀតសោត ហាក់ដូចជាសំខាន់ប្លែកពីគេព្រោះជាមូលដ្ឋាននៃការកម្រិតថ្នាក់ ឬបុណ្យសក្តិនាសម័យបុរាណ ដែលរាយពីលើមកក្រោមគឺ៖ ឯក ទោ ត្រិនី ចត្វារី ជាដើម។

ម្យ៉ាងវិញទៀត នៅក្នុងតួរាង្គកាយរបស់មនុស្សលោក ត្រូវផ្គុំគ្រប់លក្ខណះពីអវយវៈទំាង៤ គឺ ដៃ២ ជើង២ ពុំអាចខ្វះមួយណាបានទ្បើយ ពិសេសពិភពលោកយើងនេះរស់បានដោយផ្សារភ្ជាប់នូវធាតុផ្សំទំាង៤ គឺទឹក ដី ភ្លើង និងខ្យល់។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា បើដូចនេះចំពោះទន្លេចតុមុខ ឬមុខ៤នេះ ជាទីតំាងភូមិសាស្រ្ដជ័យភូមិនៃព្រះនគរខ្មែរយ៉ាងប្រពៃបំផុត។ បើសត្រូវចង់ប្រមាថកាតទាន ឬចង់ឈ្លានពានមកលើជ័យភូមិពុំបានទេ ពីព្រោះដោយសារទឹកដីជ័យភូមិខ្មែរមានទន្លេសាបដ៏ស័ក្តិសិទ្ធិទឹកហូរទៅហូរមក ដើម្បីបន្សាបនូវទង្វើរអាក្រក់សព្វបែបយ៉ាង។

បើដូច្នេះចំពោះបុព្វបុរសខ្មែរប្រសិទ្ធនាមយកទន្លេ <<ចតុមុខ ឬមុខ៤>> ជានិម្មិតរូបបេះដូងនៃព្រះនគរខ្មែរ ពីព្រោះថាជាទីតំាងភូមិសាស្រ្ដជ័យភូមិ និងជាទឹកដីនៃជ័យជម្នះនៃព្រះនគរខ្មែរ៕





News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...