ប្រភពពីប្រជាពលរដ្ឋក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងក្នុងភូមិអូរតាគាំ២ កំពុងបើកដំណើរការឡើងវិញក្រោយពេលផ្អាកបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ប្រភពបានឲ្យដឹងទៀតថា ល្បែងស៊ីសងច្រើនប្រភេទត្រូវបានគេបើកនៅចំណុចខាងលិចផ្លូវរថភ្លើងក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ហើយមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេងដោយក្នុងនោះមានទាំងមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធផងដែរ។ ចំណែកលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង និងលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង មិនទាន់ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមនៅឡើយទេ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខាងលិចផ្លូវរថភ្លើងក្នុងភូមិអូរតាគាំ២ នោះបើកល្បែងដូចជាខាងមុខមានស្នូឃ័រ ហើយខាងក្រោយមានល្បែងបៀនិងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ់ច្រើនប្រភេទដោយមានអ្នកលេងយ៉ាងគគ្រឹកគគ្រេងមិនខ្លាចឆ្លងជំងឺកូវីដ-១៩នោះទេ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង កំពុងបណ្តោយឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាល។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មានខ្លះចាញ់ល្បែងអស់លុយកាក់ទ្រព្យសម្បត្តិ រថយន្តនិងម៉ូតូ ហើយមេល្បែងស៊ីសងប្រមូលលុយបានរាប់ពាន់រាប់មឿនដុល្លារ ឬរាប់សិបលានរៀលជារៀងរាល់ថ្ងៃ។
តាមការកត់សម្គាល់ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានមន្ត្រីរាជការ មន្ត្រីយោធា មន្ត្រីនគរបាលនិងអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនាំគ្នាចូលទៅលេងល្បែងនៅក្នុងភូមិអូរតាគាំ២ ចំណុចខាងលិចផ្លូវរថយន្តយ៉ាងគគ្រឹកគគ្រេង។ ទន្ទឹមនឹងនេះបច្ចុប្បន្ននៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង បច្ចុប្បន្នកើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាចព្រោះលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងនោះទេ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យយ៉ាងទទូចឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យទៅលើភាពអសកម្មរបស់សមត្ថកិច្ចនគរបាល និងមន្ត្រីអាជ្ញាធរខេត្តបាត់ដំបង ជាបន្ទាន់៕ News Source: www.moneaksekar.com