អ្នកលេងគុនខ្មែរវ័យក្មេងមកពីខេត្តបាត់ដំបង ឈិត សេរីវណ្ណថង បានវិលចូលសង្វៀនគុនខ្មែរវិញហើយសប្ដាហ៍នេះ បន្ទាប់ពីរូបគេសម្រាកព្យាបាលជំងឺមួយរយៈពេលកន្លងទៅនេះ។
ការវិលចូលសង្វៀនជាថ្មីនៅកម្មវិធីប្រដាល់ឯកភ្នំសប្ដាហ៍នេះ វណ្ណថង នឹងត្រូវប្រកួតផ្លាស់ប្ដូរបទពិសោធជាមួយរៀមច្បងចាស់វស្សា ម៉ន សាម៉េត។ អ្នកប្រដាល់មកពីខេត្តបាត់ដំបងរូបនេះគឺមានអ្នកគាំទ្រច្រើនតាមរយៈអត្តចរិតល្អ និងខំប្រឹងប្រែងហ្វឹកហាត់ក៏ដូចជាប្រកួតកន្លងទៅ។
បើនិយាយពីស្នៀតប្រយុទ្ធវិញអ្នកទាំងពីរនាក់ខាងលើនេះគឺល្អដូចគ្នា កណ្ដាប់ដៃរហ័ស កែង អាចប្រើបានទាំងអស់ ចំណែកចំណុចខុសគ្នានោះ ម៉ន សាម៉េត មានវ័យច្រើនជាង និងមានបទពិសោធលើសង្វៀនក៏ច្រើនជាងដែរ។ យ៉ាងណាមិញសិស្សគុនមកពីព្រែកឯងនេះទើបនិងចាញ់កីឡាករស្រករក្រោយ ប៉ុន សុធា ផងដែរ។ រំលឹកដែរថា ឈិត សេរីវណ្ណថង ប៉ះ ម៉ន សាម៉េត ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅឯសង្វៀនឯកភ្នំ ខេត្តបាត់ដំបង ចាប់ពីម៉ោង៨យប់តទៅ៕
រូបភាពលើផេកសង្វៀនឯកភ្នំអត្ថបទ៖ នួន ស៊ីណា
News Source: news.sabay.com.kh