(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនគ្រួសារសព ឧបាសកព្រឹទ្ធាចារ្យ លឹម ណៃ ដែលទទួលមរណភាពដោយជរាពាធ។
ឧបាសកព្រឹទ្ធាចារ្យ លឹម ណៃ ជាអតីតលេខាបក្សគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តព្រះសីហនុមុនគេ បានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០១៖១២នាទី រំលងអាធ្រាត្រក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។
លិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានលើកឡើងថា <<មរណភាពរបស់ឧបាសកព្រឹទ្ធាចារ្យ លឹម ណៃ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទូត ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ចំពោះកូនចៅ ក៏ដូចជាការបាត់បង់អតីតថ្នាក់ដឹកនាំដ៏ល្អមួយរូប ដែលពោរពេញដោយឆន្ទៈខ្ពស់ និងបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនគ្រប់កាលៈទេសៈ ជាពិសេស ចូលរួមចំលែកកសាងអភិវឌ្ឍន៍ប្រទេស ដោយស្មារតីស្មោះត្រង់បំផុត ចំពោះមាតុភូមិ និងប្រជាជនកម្ពុជា>>។
គួរបញ្ជាក់ថា សពលោកតាព្រឹទ្ធាចារ្យ បានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ផ្ទះសពនៅទល់មុខផ្លូវចូលវិទ្យាល័យ ហ៊ុន សែន មិត្តភាពអូរ២)។
សពឧបាសកព្រឹទ្ធាចារ្យ លីម ឈៃ នឹងត្រូវបូជានៅបរិវេណគេហដ្ឋាននៃសព នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨៖០០នាទីយប់៕